ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធាន អ.ន.ក ខេត្តកណ្តាល ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានប្រចាំការ អ.ន.ក ខេត្តកណ្តាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អគារទីស្នាក់ការនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីបម្រើជាប្រយោជន៍ដល់ការងាររបស់សមាគម និងជាកន្លែងបំពេញការងារ សម្របសម្រួល និងផ្តល់សេវាជូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងខេត្តកណ្តាល។
គួររំលឹកថា ពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម គួច ចំរើន បានយកចិត្តទុកដាក់តាមដានលើវឌ្ឍនភាព និងគុណភាពការងារសាងសង់ ដើម្បីធានាថា អគារទីស្នាក់ការថ្មីនេះអាចបញ្ចប់បានតាមផែនការ និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខដ៏ឆាប់នេះ។
ការសាងសង់អគារនេះ ក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគាំពារចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់កម្លាំងកាយចិត្ត និងបូជាដើម្បីបុព្វហេតុជាតិ និងសុខសន្តិភាពរបស់កម្ពុជា។

